នៅ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាមណ្ឌលចុះឈ្មោះបោះឆ្នោត សាលា សង្កាត់ ស្ទឹង មាន ជ័យ ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ក្រុមការងារមន្ត្រី នៃគណៈកម្មាធិការ រៀបចំ ការ បោះឆ្នោត ថ្នាក់សង្កាត់ បានបន្តយកចិត្តទុកដាក់ជាមួយការបម្រើនីតិវិធី និងផ្តល់ការធ្វើបច្ចុប្បន្នភាព ជូន ពលរដ្ឋ ដែលមា នឈ្មោះស្រាប់ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការចុះឈ្មោះ ថ្មី ជូន ពលរដ្ឋ ខ្មែរ ដែល ទើប គ្រប់អាយុ១៨ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ ។
លោក ទូច សំអ៊ុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា ក្រុមមន្ត្រី បានប្រចាំការជាប្រចាំថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះជូនពលរដ្ឋ ប៉ុន្តែតាមការកត់សម្គាល់ គឺភាគច្រើនពលរដ្ឋ នាំគ្នាអញ្ចើញសម្រុកមកធ្វើនៅចុងសប្តាហ៍ ពោលនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ ដែលជាថ្ងៃដែលពួកគាត់ឈប់សម្រាកពីការងារ ។
លោកចៅសង្កាត់ បានបន្ថែមថា សង្កាត់នេះបានធ្វើការផ្សព្វផ្សាយទៅកាន់មេភូមិទាំង៩ក្នុងមូលដ្ឋាន ដើម្បីបញ្ជ្រាបព័ត៌មានឲ្យកាន់តែទូលំទូលាយដល់ពលរដ្ឋ ក៏ដូចជាការចេញលិខិតអញ្ចើញ ដែលជាលិខិតជំរឿនឲ្យពលរដ្ឋរួសរាន់ទៅធ្វើជីវមាត្រ ខណៈសង្កាត់ស្ទឹងមានជ័យទី២ ជាសង្កាត់មួយចំណោមសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ដែលមានអ្នកធ្វើជីវមាត្ររហូតដល់ជាង២ម៉ឺននាក់ឯណោះ។
លោកចៅសង្កាត់បញ្ជាក់ជូនបន្ថែមថា ៖ ការធ្វើជីវមាត្រ គឺសំដៅដល់ការធ្វើបច្ចុប្បន្នភាពទន្និន័យបញ្ជីឈ្មោះឡើងវិញជាថ្មី លើទន្និន័យចាស់ដែលមានស្រាប់ ដោយចាំបាច់ត្រូវថតរូបឡើងវិញថ្មី និងផ្តិតមេដៃឡើងវិញជាដើម ព្រោះរយៈពេល១០ឆ្នាំកន្លងផុតទៅ ពលរដ្ឋអាចមានការផ្លាស់ប្តូររូបរាង ពណ៌សម្បុរ ឬក្រយ៉ៅដៃ ក៏ដូចជាការផ្លាស់ប្តូរអត្តសញ្ញាណបណ្ណថ្មីជាដើមដើម .ល. ។
ពលរដ្ឋទាំងអ្នកគ្រប់អាយុ និងអ្នកត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី បានស្វះស្វែងទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ត្រៀមលក្ខណៈពេញលេញសម្រាប់ការចូលរួមបោះឆ្នោតនៅពេលខាងមុខ ព្រោះនេះគឺជាកាតព្វកិច្ចសម្រាប់ពលរដ្ឋម្នាក់ៗ ដែលត្រូវតែបំពេញ សម្រាប់ប្រទេសជាតិ ។
ពួកគាត់ថ្លែងអំណរគុណ ក្រុមមន្ត្រីដែលបានយកចិត្តទុកដាក់ បំពេញនីតិវិធីជូនពួកគាត់ បានលឿនរហ័ស ពុំចំណាយពេលវេលាច្រើន សម្រាប់ការចុះឈ្មោះ និងការធ្វើជីវមាត្រជាដើម ។
គួរបញ្ជាក់ថា ៖ ការធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត ( ជីវមាត្រ ) គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក ដោយគ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណតែមួយសន្លឹកប៉ុណ្ណោះ ។ ដោយឡែក សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យភ្ជាប់ឯកសារគោល រួមមាន ៖ អត្តសញ្ញាណបណ្ណ , សំបុត្របញ្ជាក់កំណើត , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ៕
