(កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ និងរថយន្តកែច្នៃហួសកម្រិតគ្រប់ប្រភេទ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវខេត្តលេខ ១៥១អា ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឭ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះតទៅ។
វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង នៅតាមបណ្តោយខ្សែផ្លូវខាងលើ ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន មិនអាចទ្រទ្រង់ទម្ងន់រថយន្តធុនធ្ងន់បានឡើយ។ ការបិទចរាចរណ៍នេះ គឺដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាទប់ស្កាត់ការបាក់ស្រុតខូចខាតផ្លូវ។
យោងតាមសេចក្តីជូនដំណឹង មន្ទីរសាធារណការខេត្តកណ្តាល បានកំណត់ចំណុចបិទផ្លូវជាពីរទិសដៅ រួមមាន៖ ទិសដៅមកពីខាងត្បូង៖ ផ្អាកការធ្វើចរាចរណ៍រថយន្តធុនធ្ងន់ ត្រង់ចំណុចផ្សារត្រពាំងព្រាយ (ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) និងត្រង់ចំណុចផ្លូវស្របប្រឡាយព្រែក (ភំមិតាតេន ឃុំជ្រៃលាស់ ស្រុកពញាឭ)។ ទិសដៅមកពីខាងជើង៖ ផ្អាកការធ្វើចរាចរណ៍រថយន្តធុនធ្ងន់ និងធុនធំ ត្រង់ចំណុចផ្លូវស្របប្រឡាយព្រែក សាលាបឋមសិក្សាត្រពាំងរកា ភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។
ការបិទចរាចរណ៍នេះ នឹងត្រូវអនុវត្តរហូតដល់ស្ថានភាពទឹកស្រកអស់ជាធម្មតា និងធានាបាននូវសុវត្ថិភាពឡើងវិញ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការបង្វែរទិសដៅធ្វើដំណើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាថែរក្សាការពារទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ៕
