ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤” នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធ លោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសូមសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះ ពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជា។
លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារបានឱ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។ ភាគច្រើននៃយុវជនទាំងនេះបានបោះបង់ការសិក្សាមុនពេលបញ្ចប់ថ្នាក់ទី១២ ឬទី៩។ នៅទីនេះ ពួកគេទទួលបានឱកាសសិក្សារៀនសូត្រ ហ្វឹកហាត់ទាអជំនាញរឹង និងជំនាញទន់។ ក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាង៩៥% នៃយុវជនទាំងនោះទទួលបានការងារធ្វើដែលមានប្រាក់បៀវត្សសមរម្យ និងអាចរកចំណូលដោយខ្លួនឯងបាន។ រហូតមកដល់ពេលនេះ មានអតីតសិស្ស ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីអង្គការ PSE និងកំពុងបម្រើការងារយ៉ាងសកម្មក្នុងវិស័យផ្សេងៗនៅក្នុងទីផ្សារការងារកម្ពុជា។
ក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំនេះ យើងមិនត្រឹមតែចង់រំឭក និងសម្លឹងមើលទៅកាន់ដំណើរដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺយើងចង់សម្លឹងឆ្ពោះទៅកាន់អនាគតដោយមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តកាន់តែរឹងមាំ៕














