(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានលើកឡើងថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយមិនទទួលបានការព្យាបាលនោះទេ បើទោះបីបុគ្គលនោះគ្មានហិរញ្ញវត្ថុក៏ដោយ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទវេទិកាសមាជិកសភាអាស៉ី-ប៉ាស៉ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ ក្រោមមូលបទ ៖ «ការគ្របដណ្តប់សុខភាព ជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត ដែលវេទិការនេះបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
បើតាមលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សម្រាប់កម្ពុជា សុខភាពសាធារណៈត្រូវបានចាត់ទុកជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់យើង។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាលរបស់យើងបានទៅដល់ប្រជាជនគ្រប់ទីកន្លែង រួមទាំងជនដែលបាត់បង់ទីជម្រក និងសហគមន៍ដែលរង ផលប៉ះពាល់ដោយគ្រោះធម្មជាតិ ឬដោយជម្លោះ ទទួលបាននូវសេវាសុខាភិបាល ចាំបាច់នានាដោយគ្មានការអាក់ខាន គ្មានការរើសអើង និងជួបការលំបាកផ្នែក ហរិញ្ញវត្ថុនោះឡើយ។
សូមជម្រាបថា នេះជាលើកទី១ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសមាជិក សភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩នេះ ហើយការធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ គឺជាសក្ខីភាពនៃការជឿទុកចិត្តពីអន្តរជាតិមកលើកម្ពុជា នៅក្នុងការរួមវិភាគទានដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាលើបញ្ហាសុខភាពសកល និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធ សុខាភិបាលឱ្យកាន់តែមានភាពធន់ និងបរិយាបន្ន តាមរយៈកិច្ចសហការលើវិស័យនីតិកម្ម ឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកល ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វេទិកាសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយមានសមាជិក ចំនួន ៣១ប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គិតត្រឹមឆ្នាំ២០២៤ សភាប្រទេសជាសមាជិកចំនួន២៧ បានចូលរួមនៅក្នុងវេទិកា ប្រចាំឆ្នាំ APPF-GH កន្លងមក ដោយឡែកនៅក្នុងឆ្នាំ២០២៦នេះ មានប្រទេសចំនួន ២បន្ថែមទៀត បានស្នើបន្ថែមចូលជាសមាជិកភាព។ វេទិកានេះមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសុខភាពពិភពលោក ក្នុងគោលបំណងពង្រឹង ថែទាំ និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
