(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត ៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។
ក្នុងឱកាសនោះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វេទិកានេះមានការចូលរួមពីតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៧ ដែលបានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់ សម្រាប់តម្រូវការកម្លាំងពលកម្មសរុប ៥ ០០០កន្លែង ដែលជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគុណសម្បត្តិនៃការបម្រើការងារក្នុងស្រុក ដោយធ្វើការប្រៀបធៀបជាមួយការងារចំណាកស្រុកនៅប្រទេសថៃ។ ឯកឧត្តមបានលើកឡើងថា ការធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ផ្ទុយទៅវិញ ការងារក្នុងស្រុកមិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ និងអាចរស់នៅជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម (ប.ស.ស.) ចាប់តាំងពីថ្ងៃចូលបម្រើការងារ រួមមានការធានាលើហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន ឬប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ ដែលជួយធានាជីវភាពសមរម្យនៅវ័យចាស់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានអំពាវនាវដល់អតីតពលករពីប្រទេសថៃ ឱ្យចាប់យកឱកាសការងារក្នុងស្រុក ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្ដោះអាសន្ន ឬអាចជ្រើសរើសទៅបម្រើការងារនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ និងមានសុវត្ថិភាពជាង ដូចជា ប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។ ឯកឧត្តមបានណែនាំឱ្យបងប្អូនចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លាន ដែលផ្ដល់ការសិក្សាដោយឥតបង់ថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ លើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងជំនាញសម្ជស្ស រួមមានការផាត់មុខ អ៊ុតសក់ និងធ្វើក្រចក ដើម្បីអាចយកទៅប្រកបរបរដោយខ្លួនឯង។
ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចងចាំលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ទទួលព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។
សូមជម្រាបថា ឱកាសការងារចំនួន ៥ ០០០កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ម៉ឺនកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។









