ឡាអេ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព (ICJ) ទីក្រុងឡាអេ នឹងមិនមានការផ្សាយជាសាធារណៈនោះឡើយ។
អនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធីដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សា UNCLOS បានតម្រូវឱ្យភាគីកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សានេះ រហូតទាល់តែគណៈកម្មការចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមថា នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធនៅពេលវេលាសមស្រប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអត់ធ្មត់ និងការយោគយល់ពីសំណាក់សាធារណជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់៕
