(តួកគីយ៉េ)៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសតួកគីយ៉េ បានជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ឈានដល់ ជំពូក ថ្មីមួយទៀត។ ក្នុងដំណើរទស្សនកិច្ចកម្ពុជា និងតួកគីយ៉េ មិនត្រឹមប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ច សហ ប្រតិ បត្តិ ការផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែប្រទេសទាំងពីរបានឈានដល់ការពង្រឹង កិច្ច សហ ប្រតិបត្តិការផ្នែកយោធាថែមទៀត។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងតួកគីយ៉េ បានឈានដល់ការចុះហត្ថលេខា លើឯកសារ កិច្ច ព្រម ព្រៀងក្នុងក្របខ័ណ្ឌយោធារវាងគ្នា។
ក្នុងសន្និសីទរួមគ្នា ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគី លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ បានចាត់ ទុក កម្ពុជា ជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី យ៉ាងឆាប់ រហ័ស ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកប្រធានាធិបតី ក៏បានស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សា សន្តិ ភាព ហ្គាហ្សា ដោយសម្តែងក្តីសង្ឃឹមថា កម្ពុជា នឹងចូលរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែង ដោយ ផ្អែកលើ ដំណោះ ស្រាយរដ្ឋពីរនៅប៉ាឡេស្ទីន។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការអប់រំ និងវប្បធម៌ ជាមួយ ការ ប្តេជ្ញា ជំរុញការធ្វើពាណិជ្ជកម្មឱ្យ សម្រេច បានគោលដៅ ១ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសតួកគី។
លោកប្រធានាធិបតី ក៏បានស្វាគមន៍ចំណាប់អារម្មណ៍របស់កម្ពុជាលើផលិតផលការពារជាតិតួកគី ដោយ គូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរតួនាទីរីកចម្រើនរបស់តួកគីក្នុងកិច្ចការអន្តរជាតិ និង កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព រួមទាំងនៅមជ្ឈិមបូព៌ា។
សម្តេចមហាបវរធិបតី បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចជាជំពូកថ្មី ក្នុងទំនាក់ទំនង រវាង ប្រទេសទាំង ពីរ ដែលបានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការយៈពេលជាង ប្រាំមួយទស វត្សរ៍ មកហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ដែលជាជំហាន ដ៏សំខាន់ មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ ការការពារជាតិ និងសន្តិសុខ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណប្រទេសតួកគីយ៉េ ចំពោះការរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ស្ត្រី និងគំនិតផ្តួច ផ្តើម គាំទ្រស្ត្រីខ្មែរឥស្លាម។មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតាមរយៈអង្គការសហប្រជាជាតិ អាស៊ាន និងវេទិកាអន្តរជាតិផ្សេងទៀត។
