វិមានរដ្ឋសភា៖ ឯកឧត្តម អុិត សំហេង ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ុយក្រែន នារសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yevhen ZHUPIEYEV ភារធារីស្តីទី នៃស្ថានទូតអ៊ុយក្រែន ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបន្ទុកកិច្ចការការទូតប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលលោកដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អ៊ុយក្រែន ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ភាគីអ៊ុយក្រែន បានបញ្ជាក់ពីការចូលរួមរបស់សភាអ៊ុយក្រែន ក្នុងកិច្ចប្រជុំសភានិយាយភាសាបារាំង (APF) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ និងការផ្លាស់ប្តូរទស្សនកិច្ច ដោយភាគីអ៊ុយក្រែនបានគោរពអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ុយក្រែន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ៕
