បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះជាង ១,០០០គ្រួសារ ដែលកំពុងត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។
ការជម្លៀសនេះត្រូវបានអនុវត្តយ៉ាងសកម្ម ក្រោមការដឹកនាំរបស់អាជ្ញាធរក្រុងប៉ោយប៉ែត និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះ។ ក្នុងចំណោមប្រជាពលរដ្ឋជាង ១,០០០គ្រួសារ មានជាង ៥០០គ្រួសារបានទៅដល់ទីទួលសុវត្ថិភាពរួចរាល់ ខណៈជាង ៥០០គ្រួសារទៀត កំពុងបន្តជម្លៀសជាបន្តបន្ទាប់ពេញមួយយប់។
ទឹកជំនន់បានវាយលុក និងជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាល សង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ បណ្ដាលឱ្យការរស់នៅប្រចាំថ្ងៃត្រូវបានរំខាន។ ក្រុមការងារសង្គ្រោះបាននិងកំពុងប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិទៅកាន់ទីតាំងមានសុវត្ថិភាព។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ សេវាព្យាបាលសុខភាព និងក្រុមសង្គ្រោះវេជ្ជសាស្ត្រ ព្រមទាំងដាក់ពង្រាយកម្លាំងចម្រុះ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។
ឆ្លើយតបនឹងស្ថានភាពនេះ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងក្រុមការងារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែនៅក្បែរប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីចុះជួយសង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងគ្រោះមហន្តរាយតែម្នាក់ឯងឡើយ៕
