ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតវ៉ាគ្រប់ពេលវេលា និងគ្រប់មធ្យោបាយ សន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បី ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជា ដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ ។
ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ ប្រជាជាតិខ្មែរ យ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យ ប្រទេស ណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនា របស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជាជំនួសវិញ។
សម្តេចប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាម ព្រំដែន នៅ ក្រោយការប្រយុទ្ធគ្នាពីតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា និងគ្រប់មធ្យោបាយ សន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បី ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជា ដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ ។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ការពិត ជាក់ស្តែងនេះគឺមិនដូចអ្វីដែលក្រុមប្រឆាំង ជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន ចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យ ប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជា ខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យ ថៃដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលខុសស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារ បូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាង កម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែន ណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ៕
