(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ របស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) នាយករង នាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអបអរសាទរ និងស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កងទ័ពរំដោះប្រជាជនចិននៅលើទឹកដីនៃប្រទេសកម្ពុជា។ ក្រុមការងារដែលបានមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ គឺជាការងារមួយដែលភាគីកងទ័ពទាំងពីរ ដែលតែងតែរៀបចំធ្វើការពិភាក្សាគ្នាឡើងជារៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា តាមរយៈនៃការចុះពិនិត្យមើលទីតាំងរបស់ក្រុមការងារភាគីកងទ័ពទាំងពីរ និងកិច្ចពិភាក្សាគ្នាលើខ្លឹមសារ ផែនការមួយចំនួនដើម្បីប្រុងប្រៀបរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កម្ពុជា-ចិន និងតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមការងារទាំងពីរ ក៏អាចកំណត់ថា តើយើងនឹងត្រូវធ្វើនៅពេលណា ទីកន្លែងណា ខ្លឹមសារអី ហើយមានផែនការបែបណា ដែលអាចកំណត់បាននៅក្នុងផែនការនៃការរៀបចំធ្វើសមយុទ្ធនាឆ្នាំ២០២៦ ឱ្យទទួលបានភាពរលូន។ អ្វីដែលថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សំណូមពរនោះ គឺចង់ឃើញភាគីកងទ័ពទាំងពីរ ធ្វើយ៉ាងណារៀបចំធ្វើសមយុទ្ធនាឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ មានខ្លឹមសារអត្ថន័យ ជ្រាលជ្រៅ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកងទ័ពកម្ពុជា-ចិន។
ជាការឆ្លើយតបលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំអគ្គសេនាធិការ ពិសេសមេបញ្ជាការកងទ័ពជើងគោក ប្រចាំភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានសម្ដែងនូវអំណរគុណ ចំពោះអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការផ្ដល់ពេលវេលា អនុញ្ញាតឱ្យក្រុមការងារបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងដំណើរបេសកកម្មបំពេញការងារដើម្បីត្រៀមរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា នាឆ្នាំ២០២៦នេះ នៅទឹកដីកម្ពុជា ឱ្យទទួលបានជោគជ័យ ។ ចាប់តាំងពីឆ្នាំ២០២៤មក សមយុទ្ធនាគមាសដែលរៀបចំឡើងដោយប្រទេសទាំងពីរ កងទ័ពទាំងពីរ គឺសុទ្ធតែមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។
នាយឧត្តមនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនប្រតិភូក្រុមការងារដែរថាការរៀបចំធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៦ ក៏ដូចជាសមយុទ្ធរាល់លើក ជារៀងរាល់ឆ្នាំ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាព គុណភាព កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារជាតិ ទឹកដីរបស់ខ្លួន មិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ មួយវិញទៀតការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៦ កម្ពុជា-ចិន ក៏នឹងបានពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ឱកាន់តែមានភាពប្រសើរឡើង។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បញ្ហាសំខាន់ដែលក្រុមការងារភាគីទាំងពីរត្រូវយកចិត្តទុកដាក់នោះគឺត្រូវតែពិភាក្សាគ្នាឱ្យបានជាក់លាក់ កំណត់នូវពេលវេលា ទីកន្លែង ខ្លឹមសារ អត្ថន័យ យុទ្ធវិធី និងគ្រឿងបំពាក់ ពិសេសបញ្ហាអាកាសធាតុ សម្រាប់ជំរុញឱ្យកិច្ចដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ប្រកបដោយភាពរលូន ជោគជ័យ ថ្មី ទំនើប និងមានទ្រង់ទ្រាយកាន់តែធំទៅៗ ស្របទៅនឹងបរិបទនៃសង្គ្រាមវិទ្យាសាស្ត្រលើសាកលលោកបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាក់ បានគូសបញ្ជាក់ថា សមយុទ្ធនាគមាសកម្ពុជា-ចិន មានសារៈសំខាន់ណាស់សម្រាប់កងទ័ពប្រទេសទាំងពីរ ហើយក៏មានការយកចិត្តទុកដាក់អង្កេតតាមដានពិនិត្យមើលពីសំណាក់បណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ចង់ដឹង ចង់ឃើញ អំពីខ្លឹមសារ ផែនការ និងអត្ថន័យសមយុទ្ធនេះ។ ដូច្នេះយើងត្រូវធ្វើឱ្យគេឃើញថា សមយុទ្ធរវាងកងទ័ពទាំងពីរនេះវាខ្លាំង មានគ្រឿងបំពាក់ថ្មី ទំនើប សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់ និងលើសកលលោក៕


