សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់
នូវែលសេឡង់ប្រចាំនៅកម្ពុជា។សម្ដេចចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះថានឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកការនោះ លោកជំទាវបានសម្ដែងនូវការអរគុណសម្ដេចតេជោដែលបានបានអនុញ្ញាតឲ្យលោកជំទាវចូលជូនសាតាំងនិងសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។
លោកជំទាវបានឆ្លៀតកោតសរសើរចំពោះ
វឌ្ឍនភាពរបស់ប្រទេសកម្ពុជាដោយលោកជំទាវបានរំលេចថា កាលពី២០ឆ្នាំមុនលោកជំទាវបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី ហើយ២០ឆ្នាំក្រោយលោកជំទាវបានមកដល់ប្រទេសកម្ពុជាសារជាថ្មី ដែលលោកជំទាវបានបញ្ជាក់ថាលោកជំទាវមិនគួរឲ្យជឿថាកម្ពុជាអាចអភិវឌ្ឍលឿនរហ័សមកដល់បច្ចុប្បន្ននេះទាល់តែសោះ លោកជំទាវបានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។
លោកជំទាវក៏បានលើកឡើងថា កម្ពុជាគឺមានភាពធុនខ្លាំងណាស់ដែលគួរឲ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកជំទាវបានលើកឡើងថា នូវែលសេឡង់
តែងតែជួយដល់កម្ពុជានៅពេលកន្លងមក ជាពិសេសគឺការបោសសម្អាតមីន និងការផ្ដល់អាហាររូបករដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១០០០នាក់ បានទៅសិក្សានៅក្នុងប្រទេសនូវែលសេឡង់។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសគឺទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់
ហើយសម្ដេចបានអរគុណចំពោះនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា ហើយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្កានុពល
នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់
ឲ្យកាន់តែរីកចម្រើន ទន្ទឹមនោះ
សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចទាក់ទងទៅនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចបានសម្ដែងនៅក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវបំពេញបេសកកម្មជាឯករដ្ឋទូតនូវែលសេឡង់
ប្រចាំនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕
