(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបករណីលួចនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា តាមភូមិសាស្ត្រច្រករបៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោង ៧៖៤៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ឈ្មោះ នួម ថានុន ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េត ភេទប្រុស អាយុ ២០ឆ្នាំ។ ជនសង្ស័យទាំង ២នាក់ មានទីលំនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ចំនួន ១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F-3325, រទេះអូសចំនួន ១ និងទំនិញ-អីវ៉ាន់ចម្រុះចំនួន ៤ការ៉ុង។
ប្រតិបត្តិការបង្ក្រាបនេះ មានការចូលរួមពីកម្លាំងចម្រុះ រួមមានកងយោធពលខេមរភូមិន្ទ មកពីវរសេនាតូចលេខ៥១១ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ដែលបានបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់នៅតាមតំបន់ព្រំដែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

