(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហហមកម្ពុជា ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងវត្តមានចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប និងឃីតចំនួន ១ ។ បន្ទាប់ពីផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះទាំង ១.៥០០គ្រួសារ រួចមក ឯកឧត្តមនិងក្រុមការងារក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួនពីរដែលរងផលប៉ះពាល់ដោយទឹកជំនន់រហ័សនេះរួមមានវត្ត ពោធិសុវណ្ណសិលារាម និងវត្តច័ន្ទសុីសុទ្ធាវាស កូបធំ ដោយក្នុងមួយវត្តទទួលបាន៖ អង្ក ១២០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកបរិសុទ្ធ ៥កេស ទឹកសុីអុីវ ៥យួរ និងបច្ច័យសម្រាប់វត្ត និងប្រគេនព្រះគ្រូចៅអធិការវត្ត ព្រមទាំងព្រះសង្ឃ នូវបច្ច័យមួយចំនួនផងដែរ៕
