ជើងហោះហើររាប់រយត្រូវបានលុបចោលក្នុងតំបន់អាស៊ីបូព៌ា ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លា «Super Typhoon Champi» កំពុងបោកបក់ឆ្ពោះទៅកាន់កោះតៃវ៉ាន់។ នៅលើកោះតៃវ៉ាន់ សាលារៀន ស្ថាប័នរដ្ឋាភិបាល និងទីផ្សារភាគហ៊ុនត្រូវបានបិទ ហើយអ្នកដំណើររាប់ពាន់នាក់បានរងផលប៉ះពាល់ ដោយសារតែហានិភ័យដែលបង្កឡើងដោយព្យុះនេះ។
ខណៈព្យុះទីហ្វុងជិតទៅដល់ មនុស្សម្នាក់បានស្លាប់ និង៩៤នាក់រងរបួសក្នុងកោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន BBC ព្យុះ Champi ត្រូវគេរំពឹងថានឹងចូលទៅដល់កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ។ ព្យុះនេះត្រូវបានព្យាករថានឹងនាំមកនូវខ្យល់បក់ខ្លាំងក្នុងល្បឿនរហូតដល់ ១៧៣ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។ មន្ត្រីបានឱ្យដឹងថា កោះទាំងមូលអាចនឹងរងផលប៉ះពាល់ ដោយសារតំបន់ដែលរងឥទ្ធិពលពីព្យុះនេះនឹងគ្របដណ្តប់ក្នុងរង្វង់ប្រហែល ៣២០ គីឡូម៉ែត្រ។
ក្រុមអាជ្ញាធរកោះតៃវ៉ាន់បានសម្រេចបិទសាលារៀន និងការិយាល័យនានានៅក្នុងស្រុក និងទីក្រុងចំនួន ២១ ក្នុងចំណោម ២២ នៅថ្ងៃសុក្រនេះ។ ទោះជាយ៉ាងណាក៏ដោយ ការងារ និងការសិក្សានៅក្នុងតំបន់ Kinmen នឹងនៅតែដំណើរការជាធម្មតា។ ទីផ្សារភាគហ៊ុនកោះតៃវ៉ាន់ ដែលជាទីផ្សារភាគហ៊ុនមួយក្នុងចំណោមផ្សារហ៊ុនដ៏ធំបំផុតជាច្រើននៅលើពិភពលោក ក៏ត្រូវបានបិទនៅថ្ងៃសុក្រនេះដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជើងហោះហើរក្នុងស្រុកចំនួន ២៦២ និងជើងហោះហើរអន្តរជាតិជាង ៦៦០ ដែលគ្រោងនឹងហោះហើរនៅថ្ងៃសុក្រនេះក្នុងតំបន់តៃវ៉ាន់ ត្រូវបានលុបចោលទាំងអស់។ សេវាកម្មរថភ្លើង និងនាវាចម្លងក៏ត្រូវបានផ្អាកដំណើរការ ហើយផ្លូវហាយវេមួយចំនួនក៏ត្រូវបានបិទផងដែរ។
នៅជប៉ុន ក្រុមហ៊ុនអាកាសចរណ៍ធំៗ រួមមាន Japan Airlines និង ANA បានលុបចោលជើងហោះហើរជាង ១០០ ជើង ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ។មានការប៉ាន់ប្រមាណថា អ្នកដំណើរយ៉ាងហោចណាស់ ១១.០០០ នាក់នឹងរងផលប៉ះពាល់ដោយសារបញ្ហានេះ៕
