ក្រុមអាជ្ញាធរបាននិយាយថា ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅជិតបរិវេណសាកលវិទ្យាល័យមួយក្នុងទីក្រុង Tallahassee រដ្ឋ ផ្លរីដា (Florida ) ដែលបណ្តាលឱ្យមនុស្ស ១១ នាក់រងរបួសដោយគ្រាប់កាំភ្លើង និងម្នាក់ទៀតរងរបួសក្នុងមូលហេតុផ្សេងទៀត។
សាកលវិទ្យាល័យបានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅលើផ្លូវ Perry ជិតបរិវេណសាកលវិទ្យាល័យ Florida Agricultural and Mechanical University។ នគរបាលបានរាយការណ៍ថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានមនុស្សពេញវ័យចំនួន ៦ នាក់ និងអនីតិជន ៦ នាក់។
នគរបាលទីក្រុង Tallahassee បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះយ៉ាងហោចណាស់ ៣ នាក់បានរងរបួសធ្ងន់ ខណៈ ៩ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាមានស្ថិរភាព។
នគរបាលបានឱ្យដឹងថា ការស៊ើបអង្កេតបឋមបង្ហាញថា មានការប៉ះទង្គិចគ្នាដោយរាងកាយ មុនពេលឈានដល់ការបាញ់ប្រហារនេះកើតឡើង ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
លោក Lawrence Revell ស្នងការនគរបាលក្រុង បាននិយាយថា វាជារឿងដ៏សោកសៅបំផុត នៅពេលដឹងថាមានកុមារស្ថិតក្នុងចំណោមអ្នកដែលរងរបួសទាំងនោះ។
នគរបាលបានបញ្ជាក់ទៀតថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មហិង្សារបស់ពួកគេ កំពុងធ្វើការស៊ើបអង្កេតលើមូលហេតុនាំឲ្យមានហេតុការណ៍នេះផ្ទុះឡើង ៕
