លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពអបអរសាទរ ទិវាកុមារអន្តរជាតិ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ៖ រួមគ្នាដើម្បីកុមារគ្រប់រូប និងពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា, សិល្បករ-សិល្បការីនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

អាចជារូបភាពនៃ អាពាហ៍ពិពាហ៍ និង ជើងតម្កល់

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។

អាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទ
លោកជំទាវបណ្ឌិតបន្តថា «ប្រធានបទនេះគឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះសម្រាប់កុមារសន្តិភាពមិនមែនគ្រាន់តែជាពាក្យមួយទេ។ សន្តិភាពគឺជារបាំងសុវត្ថិភាពនៅក្នុងគ្រួសារ គឺឱកាសដែលកុមារបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្ដីសង្ឃឹមសម្រាប់អនាគត។ កុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិយើង។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់កម្ពុជារបស់យើង។ ការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា នៅក្នុងរយៈពេលកន្លងមក កម្ពុជាយើងបានសម្រេចនូវវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ កុមារកាន់តែច្រើនមានឱកាសចូលរៀន ទទួលបានសេវាសុខភាព និងទទួលបានការគាំទ្រសង្គមកាន់តែទូលំទូលាយ។ សមិទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ដែលក្នុងអាណត្តិមុនមានសម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នសម្ដេចគឺជាប្រធានព្រឹទ្ធសភា ហើយនឹងបន្តមុខដំណាក់អាណត្តិទី ៧ ដែលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធពីបណ្ដាដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ និងប្រជាពលរដ្ឋទាំងអស់របស់យើង។អាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទ

ក្នុងកាលៈទេសៈបែបនេះ កុមារមិនត្រឹមតែត្រូវការសេចក្ដីអាណិតអាសូរប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគាត់ត្រូវការចាំបាច់នូវការការពារជាក់ស្ដែង ត្រូវការសាលារៀន ត្រូវការសេវាសុខភាព ត្រូវការទឹកស្អាត ត្រូវការការគាំទ្រផ្លូវចិត្ត និងត្រូវការមនុស្សធំក្បែរពួកគាត់ដោយក្ដីមេត្តា និងការទទួលខុសត្រូវ។ ការការពារកុមារមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែគឺការទទួលខុសត្រូវរួមគ្នា របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល សិល្បករ-សិល្បការិនី អ្នកបង្កើតមាតិកាតាមបណ្ដាញផ្សព្វផ្សាយនានា រួមទាំងយុវជន ក្រុមគ្រួសារ និងសង្គមទាំងមូល។

អាចជារូបភាពនៃ ផ្កា, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'SOKHA PKnoT SOKHA

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តរួមគ្នាដើម្បីធានាថា «កុមារគ្រប់រូបទទួលបានការថែទាំ និងសេចក្ដីស្រឡាញ់, កុមារគ្រប់រូបទទួលបានសុវត្ថិភាព និងការការពារ, កុមារគ្រប់រូបទទួលបានការអប់រំ សុខភាព និងឱកាសស្មើៗគ្នា និងកុមារគ្រប់រូបអាចធំធាត់ឡើងដោយក្ដីសង្ឃឹម សេចក្ដីថ្លៃថ្នូរ និងជំនឿលើអនាគតរបស់ខ្លួន រួមគ្នាដើម្បីកុមារគ្រប់រូប មិនគួរត្រឹមតែជាសារសម្រាប់តែកម្មវិធីមួយថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគួរតែជាការប្ដេជ្ញាចិត្តជាប្រចាំារបស់យើងទាំងអស់គ្នា។ នៅពេលយើងការពារកុមារ គឺយើងកំពុងការពារអនាគតរបស់ប្រទេសយើង។ នៅពេលដែលយើងផ្ដល់ឱកាសដល់កុមារ គឺយើងកំពុងបើកទ្វារឲ្យប្រទេសជាតិយើងរីកចម្រើន ហើយនៅពេលដែលយើងឈរនៅក្បែរកុមារដែលងាយរងគ្រោះបំផុត គឺយើងកំពុងបង្ហាញពីមនុស្សធម៌ គុណតម្លៃដ៏ល្អបំផុតរបស់សង្គមជាតិយើង»។

អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទ

ទន្ទឹមនឹងនេះស្ត្រីទី១នៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល បណ្ដាដៃគូអភិវឌ្ឍន៍ និងយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រដល់គ្រួសារ និងកុមាររងផលប៉ះពាល់ តាមរយៈការផ្ដល់ជំនួយចាំបាច់ សេវាសុខភាព អាហារូបត្ថម្ភ ការអប់រំបណ្ដោះអាសន្ន ការការពារកុមារ និងការថែទាំផ្លូវចិត្ត។ វត្តមានរបស់យើងទាំងអស់គ្នានាឱកាសនេះ គឺជារបាំងសក្ខីភាពនៃក្ដីមេត្តាករុណា ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុកម្ពុជា កុមារកម្ពុជា។

អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *