ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។
ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នាទីស្តីការក្រសួងបរិស្ថាន។

លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។
ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាពសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូល。ការលើកកម្ពស់ជីវភាពជួយ កាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានបាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋានទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *