នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ចាប់ពីពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចថ្ងៃដំបូង ត្រូវនឹងថ្ងៃទី៨ មិថុនា ម្សិលមិញ សម្ដេចធិបតី មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបទាំងពីរនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។
សូមជម្រាបថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ៕
