សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ៩មិថុនា សប្ដាហ៍នេះ បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងតេអេរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ Hormuz ដែលធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន និងធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយកាន់តែតានតឹង។
លោក Trump បានប្រាប់ទូរទស្សន៍ ABC News ថា រូបលោកជឿថាការឆ្លើយតបគួរតែខ្លាំងក្លា ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កោះ Qeshm នៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារ ហើយការបាញ់ផ្លោងមួយត្រូវបានបញ្ជាក់នៅក្នុងទីក្រុងកំពង់ផែ Sirik នៅលើច្រកសមុទ្រនោះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានក្នុងស្រុក និងអ្នកស្រុកថា សំឡេងផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុង Bandar Abbas ដែលនៅក្បែរនោះ ហើយក្រោយមកនៅក្នុងតំបន់ជុំវិញស្រុក Jask ជិតច្រកចូលច្រកសមុទ្រ។
បន្ទាប់ពីការវាយប្រហារដំបូង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបង្ហោះនៅលើ បណ្ដាញសង្គម X ថា ប្រទេសនេះនឹង មិនទុកការវាយប្រហារ ឬការគំរាមកំហែងណាមួយដែលគ្មានការឆ្លើយតបនោះឡើយ។
នៅក្នុងការបង្ហោះមុននេះ លោកមិនបាននិយាយដោយផ្ទាល់អំពីឧបទ្ទវហេតុឧទ្ធម្ភាគចក្រនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងបរទេសនៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬការបាញ់ប្រហារគ្នាទៅវិញទៅមក។


