ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកវិនិយោគ មានក្តីរីករាយដែល រាជរដ្ឋាភិបាលបានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អ្នកវិនិយោគថា នៅពេលផ្លូវនេះដាក់ឱ្យប្រើប្រាស់វានឹង ក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ វិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។

ក្រោមតំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជន ដោយសហការជាមួយក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់ បានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញ ដោយចាក់បេតុង ។ សព្វថ្ងៃ ផ្លូវលេខ១៤២ កំពុងដំណើរការសាងសង់ឡើងវិញ ។

ប្រជាពលរដ្ឋ រស់នៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សប្បាយរីករាយដែល រាជរដ្ឋាភិបាលធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ ជាពិសេស សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន។ ចំណែក លោកមេឃុំតាំងស្យា បាន ឱ្យដឹងថា នៅពេលផ្លូវនេះជួសជុលរួចរាល់ និងដាក់ឱ្យប្រើប្រាស់នឹងផ្តល់ប្រយោ ជន៍ ផ្ទាល់ដល់ ប្រជាពលរដ្ឋឃុំនេះប្រមាណ ១១, ៨៧៨នាក់ អាស្រ័យផលពីផ្លូវនេះ ដែលពួកគេភាគច្រើនជាប្រជាកសិករ ។

ទោះបីយ៉ាងណា ក្រោយពីខិតខំស្វែងរកដំណោះស្រាយអស់រយៈពេលជាង២ឆ្នាំ ជាលទ្ធផលនៅដើមឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារមកទស្សនកិច្ចផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័សតាមផែនការកំណត់។ លោកស្រីតំណាងឱ្យក្រុមហ៊ុន និងអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ក្នុងការ ស្តារផ្លូវនេះឡើងវិញទាន់ពេលវេលា។

សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ ដល់ភូមិក្រាំងធំ ដែលត្រូវបានជួសជុលស្ថាបនាជាផ្លូវបេតុង កម្រាស់ ០.២៣ម៉ែត្រ និងប្រវែង ៣.២៣២ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវ ប្រវែង ១ម៉ែត្រ។ ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគ បាន អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវ ធ្វើការរឹតបណ្តឹងទប់ស្កាត់លើរថយន្តដឹកលើសទម្ងន់បើកបរលើកំណាត់ផ្លូវលេខ១៤២ ឱ្យបានតឹងរឹង នៅពេលស្ថាបនារួច ដើម្បីធានាដល់ប្រើប្រាស់ បានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *