សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តម និងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងខែវិច្ឆិកាខាងមុខ ដោយឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកនៅក្នុងក្របខណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៅក្នុងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណានៅក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើនដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិរបស់ដល់ ៥៣ ប្រទេស ដូច្នេះក្នុងចំណោមសមាជិកទាំងអស់ ត្រូងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បានជម្រាបសម្ដេចតេជោថា នៅក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ប្រធានាធិបតីរបស់ រ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជារួមជាមួយធុរជនជាច្រើនទៀតមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ក៏បានបញ្ជាក់ទៅវិញថា រង់ចាំស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតី និងប្រតិភូ រួមជាមួយនឹងធុរជនរបស់ប្រទេសរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ៕






