(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត ០១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖០៧នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការខាងលើនេះដែរ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ បញ្ញា អាយុ ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានចាប់យកវត្ថុតាង រួមមាន៖ ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀនចំនួន ១៤កញ្ចប់ធំ ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទចំនួន ០១គ្រឿង ជញ្ជីងថ្លឹងចំនួន ០១គ្រឿង ថង់ច្រកគ្រឿងញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

