មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ រយៈពេល០២ថ្ងៃ ចាប់ពីល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅសួនរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមនី្ទរពេទ្យគន្ធរបុប្ជាកម្ពុជា បានប្រាប់ថា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ គឺដើម្បីគាំទ្រយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិតិ្តយសមូលនិធិគន្ធបុប្ជាកម្ពុជា។ ដូច្នេះយើងបានរៀបចំនៅទីតាំងនេះ ដើម្បីកៀរគរថវិកាបរិច្ចាគពីសំណាក់ពុក ម៉ែ បងប្អូនទាំងអស់ ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មនី្ទរពេទ្យគន្ធបុប្ជា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមួយថ្ងៃៗ ត្រូវថវិកាប្រមាណ១២ម៉ឺនដុល្លារអាមេរិក ឬក៏៤៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដូច្នេះរាល់ការចូលរួមបរិច្ចាគពីពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ទោះបីតិចកី្ត ច្រើនកី្តសុទ្ធតែមានតម្លៃក្នុងការចូលរួមសង្រ្គោះជីវិត និងកុមាររបស់យើង។
លោក បន្តថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់យើង គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែឧសភា មកម្លេះ បើគិតមកដល់ពេលនេះ គឺថ្ងៃទី២៧ ខែមិថុនា នៅសល់១ថ្ងៃទៀត បាន១ខែ។ ដូច្នេះការរៀបចំនៅទីនេះ ដើម្បីគាំទ្រយុទ្ធនាការនាពេលកន្លងមកៗ ដើម្បីឲ្យចរន្តនៃការបរិច្ចាគនៅតែបន្ត។ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានអ្នកចូលរួមបរិច្ចាគចំនួនជាង២៨ម៉ឺននាក់ហើយ ជាមួយនិងថវិកាដែលបានបរិច្ចាគ ដោយគិតជាលេខមូល ៦លាន ១០ម៉ឺនដុល្លារអាមេរិក ការចូលរួមរបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។
ជាចុងក្រោយលោក ឃាន តួក បានបញ្ជាក់ទៀតថា ទោះបីយុទ្ធនាការឆ្នាំ២០២៦នេះ យើងទទួលបានថវិកា បើប្រៀបធៀបឆ្នាំមុន មានការកើនឡើងបន្តិចកី្ត។ ប៉ុន្តែយើងនៅតែត្រូវការ ការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រី ពុក ម៉ែ បងប្អូន។
ដោយសារតែមនី្ទរពេទ្យគន្ធបុប្ជា មិនមែនដំណើរការតែមួយខែ នៃយុទ្ធការនេះទេ គឺដំណើរការជារៀងរាល់ថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ដូច្នេះការបរិច្ចាគរបស់អស់លោក លោកស្រី ពិតជាមានតម្លៃខ្លាំងណាស់ ទោះបីចប់យុទ្ធនាការនេះក៏ដោយ ក៏មូលនិធិគន្ធបុប្ជាកម្ពុជា នៅតែត្រូវការការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រីផងដែរ៕












