(កណ្តាល)៖ បេក្ខជន និងសកម្មជនចំនួន ១៤៨ រូប មកពីគណបក្សភ្លើងទៀន ក្នុងខេត្តកណ្ដាល បានប្រកាសជាសាធារណៈផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង និងបានគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ការសម្រេចចិត្តនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត។
លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានការងារចលនាកសាងសមាជិកគណបក្សប្រជាជន នៅមូលដ្ឋានខេត្តកណ្ដាល បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្ដល់ភាពកក់ក្ដៅ និងឱកាសដល់បេក្ខជន និងសកម្មជនគណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បេក្ខជន និងសកម្មជនទាំង ១៤៨រូបនេះ រួមមាន ២០រូប មកពីឃុំបឹងគ្រំ ស្រុកល្វាឯម, ៤៤រូបមកពីឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និង ៨៤រូប មកពីឃុំស្វាយប្រទាល ស្រុកស្អាង។ ពួកគេបានប្រកាសជាឱឡារិកថានឹងបញ្ឈប់រាល់ទំនាក់ទំនងជាមួយគណបក្សប្រឆាំងតទៅទៀត បន្ទាប់ពីបានពិចារណា និងមើលឃើញយ៉ាងច្បាស់ថា សកម្មភាពនយោបាយរបស់គណបក្សប្រឆាំងពុំបានរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។
ទន្ទឹមនឹងការប្រកាសផ្ដាច់ខ្លួននេះ ពួកគេក៏បានស្នើសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគេបានលើកឡើងថា ពេលនេះពួកគេបានមើលឃើញយ៉ាងច្បាស់លាស់ និងគ្មានការសង្ស័យទៀតទេថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានលះបង់កម្លាំងកាយចិត្តប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
សកម្មជនរបស់គណបក្សភ្លើងទៀន ក៏បានមើលឃើញផងដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿងប្រកបដោយចីរភាព។
ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើការងារឱ្យគណបក្សប្រឆាំងទាំងអស់ ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកការឃោសនាបំភ័ន្តរបស់បក្សប្រឆាំងតទៅទៀត ហើយងាកមកចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើន និងរុងរឿងជានិច្ចតរៀងទៅ៕
