តបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨០០គ្រួសារ មកពីភូមិចំនួន៨ ក្នុងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីចែកអំណោយនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តឧប្បលវតី ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សយ ទូច អភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រូចឆ្មារ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ដែលមកទទួលអំណោយនាពេលនេះ គឺមកពីភូមិចំនួន៨ រួមមាន៖ ភូមិឈូក, ភូមិផ្កាដូង, ភូមិបារ៉ាយ, ភូមិក្របីក្រៀក, ភូមិច្រវ៉ាក់ដែក, ភូមិរួមវិញ, ភូមិស្រះត្រកូន និងភូមិបុសស្វាយ។ ក្រៅពីការជួយសង្គ្រោះជនងាយរងគ្រោះ កន្លងមកអនុសាខាស្រុកបានអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ២លើក (ស្មើនឹង ១៣ខ្នងផ្ទះ) ព្រមទាំងបាននាំយកអំណោយជួយដល់គ្រួសារទីទ័លក្រ ជនពិការ និងគ្រួសារភៀសសឹកផងដែរ។ ក្នុងនាមរដ្ឋបាលស្រុក និងប្រជាពលរដ្ឋសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌ដ៏ប្រពៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ២ដប, សាប៊ូកក់សក់ ២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា២០.០០០រៀល។ ជាមួយគ្នានេះ ក្រុមការងារបាននាំមកជាមួយនូវទេយ្យវត្ថុ និងបច្ច័យសម្រាប់ប្រគេនវត្តឧប្បលវតី ភូមិឈូក រួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស, ប្រេងឆា ២កេស, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ទឹកដោះគោប្រអប់ ៥កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស ព្រមទាំងបច្ច័យចំនួន ៥លានរៀល។ ប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យ ២លានរៀល និងព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ៤០ម៉ឺនរៀល។ ដោយឡែក លោកយាយជី លោកតាជី ដែលបានចូលរួមក្នុងពិធីនោះ ក៏ទទួលបានក្រណាត់ស ១ដុំ (អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ) ព្រមទាំងថវិកាមួយចំនួន។













