(កំពង់ស្ពឺ)៖ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ៥៤រូប មកពីឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចិត្តលាឈប់ពីគណបក្សរបស់ខ្លួន និងប្រកាសស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ពិធីទទួលស្វាគមន៍ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀននេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ទី ប៊ុនថេង ទីប្រឹក្សាសម្ដេចតេជោ និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន។
ការសម្រេចចិត្តដ៏សំខាន់នេះ គឺកើតចេញពីការយល់ឃើញយ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ភ្នាក់ងារ និងសកម្មជនទាំង ៥៤រូប បានអះអាងថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងដោយស្ម័គ្រចិត្ត ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពួកគេបានបង្ហាញពីការអស់ជំនឿលើនយោបាយរបស់គណបក្សប្រឆាំង ដែលពួកគេយល់ថា មានគំនិតទុច្ចរិត ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរ និងខ្មែរ ព្រមទាំងបំផ្លាញសុខសន្តិភាព។
លោក លោកស្រី ដែលទើបនឹងភ្ញាក់រលឹកខាងនយោបាយ បានថ្លែងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា ក្នុងយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម»។ ពួកគេបានបញ្ជាក់ថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំង មានតែបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ប្រជាជនឡើយ។
ផ្ទុយទៅវិញ ពួកគេបានសម្តែងនូវការដឹងគុណដ៏ធំធេងចំពោះវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់អាយុជីវិតដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ និងបានបង្ហាញការជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីការប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សចាស់ទាំង ៥៤រូប ក៏បានស្នើសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីទទួលបានឱកាសចូលរួមបន្តសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ដូច្នេះ មានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន ខុសពីគណបក្សប្រឆាំងមួយចំនួន ដែលមានតែការញុះញង់ បំផ្លាញផលប្រយោជន៍ជាតិ និងបង្កអស្ថិរភាពសង្គមជាតិ។ នេះគឺជាការគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានសម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា៕
