(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរក្នុងខេត្ត ក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោតកុំឱ្យផុតពូជ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅជុំវិញខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
សត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និងប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅ ទន្លេ មេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ។
មុនឆ្នាំ២០២៣ សត្វផ្សោតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឈមជោគវាសនាមិន ប្រាកដប្រជា ព្រោះអត្រាស្លាប់ខ្ពស់ ហើយការកើតមានអត្រាទាប។ ក្នុងពេលអញ្ជើញបើកការ ដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គខេត្តក្រចេះ ក្នុងខែមករា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានប្រកាសអាសន្នពីជោគ វាសនារបស់សត្វផ្សោត និងបានជំរុញអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីការពារ សត្វ ផ្សោត។
ក្រោយការប្រកាសអាសន្ននោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ជាពិសេសការបង្ក្រាបបទ ល្មើសនេសាទ។ ស្ថានភាពសត្វផ្សោតបានប្រែមកភាពល្អប្រសើរ ពោលការស្លាប់មានចំនួនតិច ហើយកើតមានចំនួនច្រើន។ ក្នុងនោះឆ្នាំ២០២៥កន្លងទៅ គឺមិនមានផ្សោតស្លាប់នោះឡើយ។
របាយការណ៍បានបង្ហាញថា មុនពេលសម្តេចតេជោ ប្រកាសអាសន្ន ផ្សោតនៅទន្លេមេគង្គមាន ចំនួនត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នមានចំនួនរហូតដល់ ១១៧ក្បាល។ ចំនួននេះ កើន ឡើងចំនួន ២១ក្បាល៕
