សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី ប្រមាណ៥០០នាក់ នៅទីរួមខេត្តមណ្ឌលគិរី។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។
មន្ត្រីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានាពេលនេះ ពិសេសខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឥសាន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែសម្តេចអញ្ជើញមកដោយផ្ទាល់ ណែនាំដល់មន្ត្រីនៅមូលដ្ឋានលើការបំពេញការងារបម្រើសេវាជូនដល់ពលរដ្ឋ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តទី២០ហើយ ដែលសម្តេចតេជោបានអញ្ជើញ
ចុះជួបសំណេះសំណាលតាមបណ្តាខេត្ត ជាដំណើរចុះមកមូលដ្ឋានរបស់សម្តេចប្រធានព្រឹទ្ធសភា។ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ។ មានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ដែលចែក ចេញជា ០៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។ ខេត្តមានផ្ទៃដីសរុបចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋ សរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើនឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤% មានជនជាតិ ដើមភាគតិចចំនួន ៨អំបូរជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ទំពួន ចារាយ កួយ និងផ្ទួន ។
ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧% និងមាន GDP សម្រាប់មនុស្សម្នាក់ៗសរុបចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់ មន្ទីរផែនការខេត្ត) ។ ខេត្តមានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន០៣ សម្រាប់ទំនាក់ទំនងការងារ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ក្នុងនោះមាន ៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា, ច្រក ទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែក ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មានផ្លូវ គមនាគមន៍)។
បច្ចុប្បនេះ ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសតន៍ ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ ជាច្រើនទៀត នៅក្នុងខេត្ត មណ្ឌលគិរី ដែលអាចបម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ និងមានក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន ០៤ក្រុមហ៊ុន ផងដែរ ។
ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី៕








