រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានទទួលជួបពិភាក្សាការងារ ជាមួយ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម(UAE) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹរឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន ៥លានដើម។ យុទ្ធនាការបង្កើនគម្បបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ស្របតាមការលើកឡើងរបស់លោករដ្ឋមន្រ្តី ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។ លោកក៏បានលើកឡើងពីការប្តេជាចិត្តរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព៕





