ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាឆ្នាំដ៏មានអត្ថន័យដ៏ពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង។ កម្ពុជា មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាខែវិច្ឆិកាខាងមុខនេះ ដែលនេះ ជាដំណើរទស្សនកិច្ច ៦០ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង ៣០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិបារាំង កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា មិត្តភាពរវាងកម្ពុជានិងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
លើសពីកិច្ចជំនួបនយោបាយ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏នឹងត្រូវអមដោយសកម្មភាពនានាជាច្រើន រួមមានសកម្មភាពផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសិល្បៈ ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពរស់រវើក ព្រមទាំងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។
សម្រាប់កម្ពុជា ប្រទេសបារាំង នៅតែជាប្រភពនៃការបំផុសគំនិតតាមរយៈឧត្តមគតិសកលដ៏ឧត្តុង្គឧត្តម ហើយជាដៃគូដ៏ស្មោះត្រង់មួយ ជាមួយនឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងការធ្វើដំណើរឆ្ពោះទៅអនាគត។ សូមឱ្យមិត្តភាពនេះបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕



