សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ។ ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា និង ទិសដៅយ៉ាងត្រឹមត្រូវ។
គណៈប្រតិភូ USABC ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងវិស័យ SMEs ផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមលើនោះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូ USABC អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែង ដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត៕










