ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ខែ (មួយត្រៃមាស) ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ការចូលព្រះវស្សា គឺស្របតាមបញ្ញត្តិនៃព្រះបរមសាស្តា ដែលទ្រង់បានកំណត់សិក្ខាបទឱ្យភិក្ខុសង្ឃ និងសាមណេរ គង់នៅក្នុងវត្តដើម្បីរៀនសូត្រធម៌អាថ៌ ធម៌វិន័យ និងប្រតិបត្តិវិបស្សនាកម្មដ្ឋាន។ ការនេះក៏ដើម្បីកាត់បន្ថយការលំបាកក្នុងការនិមន្តធ្វើដំណើរបិណ្ឌបាតក្នុងវស្សានរដូវ ដែលត្រូវនិមន្តក្រោមតំណក់ទឹកភ្លៀង សើមព្រះកាយ មានទឹកលិច ភក់ជ្រាំ ជាពិសេសដើម្បីចៀសវាងការនិមន្តជាន់កម្ទេចពន្លកដំណាំស្រូវរបស់ប្រជាកសិករដែលទើបដុះលូតលាស់ផងដែរ។
ក្នុងវេលាគង់ចាំព្រះវស្សានេះ ពុទ្ធបរិស័ទគ្រប់រូបតែងនាំគ្នាប្រារព្ធពិធីបុណ្យ ដើម្បីនាំយកទៀន ប្រេងកាត ធូបអុជបំភ្លឺ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ ចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃ និងសាមណេរគ្រប់ព្រះអង្គ សម្រាប់ចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ចេញព្រះវស្សា។










