ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូម ប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែម ដល់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។ ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង ការជួយជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់បែកចង្កោមឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវ ការ ដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតី តនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រកប ដោយ ចក្ខុវិស័យ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យសកម្មភាពមីនមនុស្សធម៌។ ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ ផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវធ្វើការ បោសសម្អាតបន្ថែម។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ NPA និងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ព្រមទាំងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស ដែលបានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកៀរគរធនធាន និងជំនាញបច្ចេកទេស ពន្លឿនការបោសសម្អាតសំណល់គ្រាប់បែកចង្កោមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកវឌ្ឍនភាព និងបទពិសោធន៍របស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមនៅទូទាំងពិភពលោក។
លោក Hans Peter Risser នាយកប្រចាំប្រទេសនៃ អង្គការ NPA បាន លើកឡើង ថា អង្គការ NPA បាន ចូលរួម ដល់ សកម្មភាពមីន មនុស្សធម៌ នៅ កម្ពុជា ចាប់តាំង ពី ឆ្នាំ ១៩៩៣ ក្នុង នោះរួមមាន ទាំ ង គាំទ្រ ការបោស សម្អាត មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ការ គាំទ្របច្ចេកទេស និង ការ បណ្តុះបណ្តាលធនធានមនុស្ស ជា ដើម ។ លោក បន្តទៀត ថា ដោយ មាន ការ គាំទ្រ ពី សហរដ្ឋអាមេរិក និង ទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បាន គាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ក្នុង ទំហំផ្ទៃដី ជាង ៤០គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោល គ្រាប់បែក ចង្កោម ជាង ៦ពាន់គ្រាប់ និង សំណល់ ជាតិផ្ទុះពីសង្រ្គាម ដទៃទៀត ដោយ ផ្តល់ផល ប្រយោជន៍ ផ្ទាល់ ដល់ ប្រជាជន ជាង ៣ម៉ឺននាក់ ។
ជាមួយ គ្នានោះ លោក Hans Peter Risser បានបញ្ជាក់ពី ការ ប្តេជ្ញាចិត្ត គាំទ្រ របស់ អង្គការ NPA ដើម្បី បន្តពង្រឹងកិច្ចសហប្រតិបត្តិការភាព ជា ដៃគូជាមួយ កម្ពុជា រហូតដល់កម្ពុជា អាចសម្រេចគោល ដៅ ប្រទេស មួយដែល គ្មាន ផល ប៉ះពាល់ដោយ មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ។






