សមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ក្រុមឧក្រិដ្ឋជន Online Scams ដែលបាននឹងកំពុងអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងធំៗជាច្រើនកន្លែង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកកលារអូសទាញនិងមានការប្រុងប្រយ័ត្ន។
ទាកទងករណីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពល្មើសច្បាប់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា ករណីនេះ គឺជារឿងថ្មីដែលសមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប។ ហើយនៅពេលដែលសមត្ថកិច្ចធ្វើការបោសសម្អាតឲ្យអស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា ពោលទីតាំងធំៗត្រូវបានបង្ក្រាប ប៉ុន្តែវាមានលេចចេញជាអ្នកដែលរតើគេចទៅពួនជ្រកនៅតាមទីតាំងនានានៅតាមសហគមន៍ និងបានទៅសម្ងំលាក់ខ្លួននៅតាមគ្រួសារ តាមជើងភ្នំ វាលស្រែ ដោយសារតែគេប្រើប្រាស់ប្រព័ន្ធវាយហ្វាយ រហូតដល់មានការធ្វើសកម្មភាពតាមរថយន្តក្នុងឆបោកតាមអនឡាញ ហើយមានទំនាក់ទំនងជាមួយបណ្តាក្រុមឧក្រិដ្ឋជនដទៃទៀតអាចនៅក្នុងប្រទេស ឬនៅក្រៅប្រទេស។
សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពីព្រោះពួកអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសទាំងអស់នេះខ្វះខាតលុយកាកគេនឹងចាប់ផ្តើមធ្វើសកម្មភាពណាដែលអាចធ្វើបាន។ ហើយអ្វីដែលយើងនៅតែបារម្ភជាពិសេសប្រជាពលរដ្ឋយើងដែលមានទាំងបុរស និងនារី គឺយើងធ្លាប់បានជួយសង្គ្រោះមកវិញ។
លោកជំទាវបានបញ្ជាក់ថា អំពើជួញដូរមនុស្សនៅមិនទាន់ផុតរលត់នៅឡើយទេ ហើយជនល្មើសបច្ចុប្បន្នេះ គឺមិនមែនធ្វើការជួញដូរមនុស្សតាមទម្រង់តែមួយ ឬតាមទម្រង់បុរាណទេ គឺគេប្រើប្រាស់ទៅតាមវិធីសាស្ត្រផ្សេងៗ គូបផ្សំការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ សូមឲ្យប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន និងធ្វើការបង្ការទប់ស្កាត់ ដោយចៀសវាងការចាញ់បោកការអូសទាញរបស់អ្នកដែលមិនស្គាល់មុខឲ្យធ្វើសកម្មភាពណាមួយខុសច្បាប់ និងកុំជឿទុកចិត្ត ត្រូវរកការពិគ្រោះយោបល់ពិភាក្សាជាមួយសមត្ថកិច្ច ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះ៕
