អនុប្រធានទី១ CDC ជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀម លក្ខណៈសម្បត្តិ ដើម្បីឈានទៅប្រមូលផ្តុំការវិនិយោគលើវិស័យឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមាន តម្លៃបន្ថែមខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, បាន អញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៣ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា ក្រោមការសម្របសម្រួល និងគាំទ្រពី ក.អ.ក. ជាមួយមូលបទ «ការពង្រឹងមូលដ្ឋាន គ្រឹះនៃខ្សែច្រវាក់ផ្គត់ផ្គង់៖ ការលើកកម្ពស់បរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១)-ការលើកកម្ពស់ និងទាក់ទាញការ វិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប, (២)-ការផ្តល់ កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើម ប្រតិបត្តិការបានដោយរលូន, និង(៣)- ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលមានតម្លៃ បន្ថែមខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋនិងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ចលើកទី៣នេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន តំណាង អង្គទូត, ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប, ប្រធានផ្នែកនយោបាយនិងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិក, ភារធារីស្តីទីនៃស្ថានទូតជប៉ុន, និងលេខាធិការទី២ នៃស្ថានទូតកូរ៉េ និងមានតួអង្គសេដ្ឋកិច្ចដ៏សំខាន់រួមមាន៖ សភាពាណិជ្ជកម្ម អាម៉េរិក អឺរ៉ុប ចិន កូរ៉េ និងសមាគមធុរកិច្ចជប៉ុន ព្រមទាំង សមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត៕






