នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យ ៩ សីហា ថា ក្មេងជំទង់ថៃដែលនៅពីក្រោយការបាញ់ប្រហារនៅសាលារៀនដ៏សាហាវមួយក្រៅទីក្រុងបាងកក ត្រូវបានគ្រូបង្រៀនម្នាក់រឹបអូសកាំភ្លើងខ្យល់មួយដើមកាលពីឆ្នាំមុន ហើយបានមើលខ្លឹមសារអំពើហិង្សាតាមអ៊ីនធឺណិត ខណៈរដ្ឋាភិបាលថៃបានបរាជ័យក្នុងការសន្យាការពារសុវត្ថិភាពថ្មីសម្រាប់សាលារៀន។
ខណៈការស៊ើបអង្កេតនៅតែបន្តទៅលើអំពើហិង្សាកាលពីថ្ងៃសុក្រទី៦សីហា ដែលក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ថាបានបាញ់សម្លាប់យាយ-តា របស់ខ្លួននៅផ្ទះ មុនពេលសម្លាប់មនុស្ស៦នាក់ផ្សេងទៀតនៅសាលារបស់គេ ហើយបន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯង ដែលនាំឲ្យអ្នកស្លាប់សរុបឡើងដល់៩នាក់។នគរបាលបាននិយាយថាក្មេងប្រុសនេះបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីរៀនពីរបៀបប្រើអាវុធ។
លោក Atthapol Anusit ស្នងការរងនគរបាលខេត្តតំបន់ទីមួយ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យោងតាមការសម្ភាសន៍អ្នកឃើញសកម្មភាពជនដៃដល់ ជនល្មើសបានចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាអំពីការប្រើប្រាស់អាវុធអស់មួយរយៈពេលប្រហែលមួយទៅពីរឆ្នាំ។
លោក Atthapol ដែលបាននិយាយថា នគរបាលបានសម្ភាសន៍សាក្សីចំនួន១៧ នាក់រួចហើយ បាននិយាយថា កាំបិតមួយក៏ត្រូវបានគេរកឃើញក្នុងកាបូបរបស់ក្មេងប្រុសនោះដែរ ហើយភស្តុតាងផ្សេងទៀតដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុរួមមាន អាវុធមួយដើម គ្រាប់កាំភ្លើងចាស់ៗ និងកុំព្យូទ័រផ្ទាល់ខ្លួនមួយ។ស្នងការរងខាងលើនិយាយថា បន្ទាប់ពីពិនិត្យមើលកុំព្យូទ័ររួច គេបានរកឃើញថាកុមារនោះបានមើលខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពាក់ព័ន្ធនឹងអំពើហិង្សា ប៉ុន្តែបានបន្ថែមថាមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា ជនសង្ស័យ បានហាត់បាញ់នៅឡើយទេ។
លោកថា កាលពីឆ្នាំមុន គ្រូបង្រៀនម្នាក់បានរឹបអូសកាំភ្លើង BB មួយដើម ជាប្រភេទកាំភ្លើងខ្យល់ ដែលក្មេងប្រុសនោះយកទៅសាលារៀន។ លោក Atthapol បាននិយាយថា ក្មេងប្រុសនោះបានរស់នៅជាមួយជីដូនជីតារបស់ខ្លួនអស់រយៈពេល១២ ឆ្នាំ បន្ទាប់ពីឪពុកម្តាយរបស់គេបានចែកផ្លូវគ្នា។ ក្រោយហេតុណ៍ឪពុករបស់ក្មេងជាខ្មាន់កាំភ្លើងបានចេញមុខសុំអភ័យទោសចំពោះសកម្មភាពកូនប្រុសរបស់ខ្លួន៕
