គ្រោះមហន្តរាយទឹកជំនន់កាលពីថ្ងៃទី១៩ ខែសីហា បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ ជាពិសេសនៅក្នុងស្រុកពួ ខេត្តណាន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងលើសពី ៤ អ៊ីញពេញមួយយប់ បណ្តាលឱ្យលិចលង់ផ្លូវថ្នល់ បំផ្លិចបំផ្លាញយានជំនិះ និងបណ្ដាលឱ្យស្ពានចំនួនពីរត្រូវខូចខាតទាំងស្រុង។
ផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ បានធ្វើឱ្យស្ទះចរាចរណ៍លើផ្លូវជាតិចំនួន ៧ ខ្សែ នៅក្នុងខេត្តណាន និងខេត្តផាយ៉ាវ ដោយសារតែការបាក់ស្ពាន និងការបាក់ស្រុតផ្លូវ ដោយក្នុងនោះផ្លូវជាតិលេខ ១០១, ១២៥៦, ១៣៧១ និង ១០៨១ ត្រូវកាត់ផ្តាច់ ខណៈផ្លូវជាតិលេខ ១០៩២ ក្នុងស្រុកពួ មានទឹកហូរបុកខ្លាំងរហូតយានយន្តតូចៗមិនអាចធ្វើដំណើរឆ្លងកាត់បាន។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិដដែលនេះ ក៏បានបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត ដោយក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិ ផេតកាសែម បានរកឃើញសាកសពបុរសម្នាក់អាយុប្រហែល ៤៥ ដល់ ៥០ ឆ្នាំ នៅក្នុងភូមិ បានហ្វៃមុន ឃុំប៉ាខា ស្រុកថាវ៉ាងផា ខេត្តណាន នៅក្នុងអំឡុងប្រតិបត្តិការជម្លៀសពលរដ្ឋ ។
ជុំវិញស្ថានភាពនេះ នាយកដ្ឋានផ្លូវថ្នល់ថៃ បានចេញសេចក្តីណែនាំឱ្យអ្នកបើកបរចៀសវាងផ្លូវដែលរងការខូចខាត ដោយផ្ដល់លេខទូរសព្ទសង្គ្រោះបន្ទាន់ សម្រាប់ប្រជាពលរដ្ឋស្វែងរកជំនួយអាសន្ន។ ដោយឡែក អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តប្រតិបត្តិការសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីតាំងសុវត្ថិភាព និងប្រមូលទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំផែនការស្តារផ្លូវថ្នល់ និងស្ពានឡើងវិញនូវ ៕
