ក្រុមអាជីវកដែលលក់ដូរផ្សេងៗគ្នានៅផ្លូវថ្មើរជើងចតុមុខ (Walk Street) បានបង្ហាញក្តីត្រេកអរ ខណៈការរកប្រាក់ចំណូលមានភាពល្អប្រសើរជាងមុន ក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់លក់ដូរមានសណ្តាប់ធ្នាប់។ ហើយផ្លូវថ្មើរជើងនេះ មិនត្រឹមតែជាទីកម្សាន្តប៉ុណ្ណោះទេ តែជាប្រភពចំណូលដ៏រឹងមាំរបស់អាជីវករខ្នាតតូចផងដែរ។
ជាការកត់សម្គាល់ តំបន់មាត់ទន្លេភ្នំពេញនាពេលព្រលប់ បាននិងកំពុងប្រែក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពេលរាត្រីដ៏រស់រវើក តាមរយៈការបង្កើតឡើងនូវ «ផ្លូវថ្មើរជើង» ដោយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសណ្តាប់ធ្នាប់នៅទីនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពរាជធានីប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករខ្នាតតូច។
ជួបសម្ភាសន៍ជាមួយក្រុមអាជីករនៅតំបន់ផ្លូវថ្មើរជើងចតុមុខ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាកន្លងទៅ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់តាំងពីរាជរដ្ឋាភិបាលរៀបចំតំបន់ផ្លូវថ្មើរជើងនេះមក ការលក់ដូររបស់ពួកគាត់ហាក់មានការប្រែប្រួលប្លែកពីមុនខ្លាំងណាស់។ បើនិយាយពីប្រាក់ចំណូលវិញគឺមានការកើនឡើងច្រើន ព្រោះភ្ញៀវដើរលេងច្រើន ហើយទីកន្លែងលក់ដូរក៏មានរបៀបរៀបរយគួរឱ្យចង់ចូលទិញផងដែរ។
ក្រុមអាជីករ បានលើកឡើងស្រដៀងគ្នាទៀតថា មកលក់នៅទីនេះមានសណ្តាប់ធ្នាប់ត្រឹមត្រូវ មិនបារម្ភពីរឿងរត់ចុះឡើង ឬរឿងសុវត្ថិភាពចរាចរណ៍អ្វីទេ ហើយថែមផ្តល់ភាពងាយស្រួល និងជួយឱ្យមុខរបររបស់ពួកគាត់មានស្ថិរភាពពិតប្រាកដ។ ក្រុមអាជីវករ ក៏មិនបានភ្លេចការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតកន្លែងលក់ដូរដ៏មានឱកាសបែបនេះ ដែលជួយឱ្យអាជីវករខ្នាតតូចដូចពួកគាត់មានចំណូលរឹងមាំ និងអាចចិញ្ចឹមគ្រួសារបានធូរធារជាងមុន។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ គម្រោង «ផ្លូវថ្មើរជើងចតុមុខ» ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បានដំណើរការរយៈពេលជាង ១ឆ្នាំមកហើយ។ ក្នុងរយៈពេលកន្លងមកនេះ ទីកន្លែងនេះបានបង្ហាញពីសមិទ្ធផលយ៉ាងត្រចះត្រចង់ ដោយមិនត្រឹមតែជាកន្លែងលំហែកាយប្រកបដោយសុវត្ថិភាព និងក្តីសុខសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាដែនដីសេដ្ឋកិច្ចរាត្រីដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។
