ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំឮកឡើងវិញ តាមរយៈ សន្និសីទ សារព័ត៌ មាន នៅថ្ងៃទី៦ ខែកញ្ញានេះថា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អាស៊ាន ប្រចាំ កម្ពុជា បាន ចុះ ទៅ សង្កេតការណ៍ ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺ នៅ ចំណុច បង្គោល ព្រំដែនលេខ ៧២ ចំណុចកោះយ៉ និងចំណុច ច្រក ទ្វារ អន្តរជាតិ ចាំ យាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ឯកឧត្តមថ្លែងថា បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសបានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។
បើតាម ឯកឧត្តម ប៉ែន បូណា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។
ក្នុងសប្តាហ៍នេះដែរ ក្រសួងការពារជាតិក៏បានរៀបចំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធាចំនួន២២រូប តំណាងមកពី១៨ប្រទេស។
ក្រសួងការពារជាតិបានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនរហូតឈានទៅដល់បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រសួងក៏បានបញ្ជាក់ជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានឯកភាពគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាលើកទី២។ សំណើររបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)និងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។
ទន្ទឹមនឹងនេះ ការតវ៉ាប្រឆាំងការរំលោភឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃក៏ត្រូវបានធ្វើឡើងគ្រប់ពេលវេលាដោយគ្មានរំលងចំណុចណាមួយឡើយ។ នេះគឺជាការងារការទូតដ៏សកម្ម រស់រវើក និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
