ចូលថ្ងៃទី២ហើយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ជាការ ចាប់ ផ្ដើម អនុវត្ត ច្បាប់ កាតព្វកិច្ច យោធា សង្កេតឃើញថា មានយុវជន យុវនារី ដែលគ្រប់អាយុ (១៨ដល់២៥ឆ្នាំ) ច្រើនហូរហែរ បាន នាំ ទៅទទួលពាក្យសុំចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និងមោះមុត នៅ បណ្ដា តាម មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។
យុវជន និងយុវនារី នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង និងកំពង់ឆ្នាំង នៅថ្ងៃទី២នេះ បាន បន្តទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយ៉ាងរួសរាន់ និង ស្វាហាប់ ដោយ គ្មាន ការ បង្ខិត បង្ខំ តែក្រោមការជំរុញលើកទឹកចិត្តដោយឪពុកម្ដាយ និងអាណាព្យាបាលផងដែរ។
យុវជន បានរួសរាន់ស្នើសុំពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយកទៅបំពេញ ដើម្បី ពន្លឿន ការ យក ឯកសារពាក់ព័ន្ធនានាទៅបញ្ជាក់នៅសាលាឃុំសង្កាត់ ដើម្បីយកពាក្យ ស្នើ សុំ នេះ យក មក ដាក់ ជូន មូលដ្ឋានកងរាជអាវុធហត្ថវិញ ឲ្យបានទាន់ពេលវេលា ដើម្បីត្រៀមទទួល យក ការ ហ្វឹក ហាត់ ក្នុង ជួរ កងទ័ព ទទួលយកបទពិសោធន៍ ចំណេះដឹង និងជំនាញ ក្នុងការងារបំពេញ កាតព្វ កិច្ច ចំពោះ ជាតិ ឱ្យ បានមុនគេ មុននឹងទៅធ្វើការងារផ្សេងៗទៀត។
ចំណែក អាណាព្យាបាល បានសម្តែងការពេញចិត្ត និងបានជំរុញ កូនចៅ ដែល គ្រប់ អាយុ ឱ្យ ទទួល ពាក្យ សុំ ចូល បំពេញកាតព្វកិច្ចយោធាទៅតាមការស្ម័គ្រចិត្ត ដើម្បីទទួលយកឱកាសដ៏ល្អនេះ ឲ្យ បាន មុន គេ និងទាន់ពេលជាតិកំពុងមានសេចក្តីតម្រូវការ។
យុវជនបានបញ្ជាក់ថា ក្នុងនាមឈាមជ័រជាខ្មែរ គឺត្រូវតែមានកាតព្វកិច្ចដាច់ខាតមួយ គឺ បន្ត ថែ រក្សា ទឹកដី និងប្រទេសជាតិ ព្រោះអធិបតេយ្យជាតិ ពុំមានរដ្ឋបរទេស ឬជាតិសាសន៍ ដទៃ ណា គេ មក ជួយ ការ ពារយើងនោះឡើយ មានតែយើងជាយុវជន ជាអ្នកបន្តវេននេះឯង ទើប ជា អ្នក ការ ពារ ទឹក ដី មួយ នេះ កុំឲ្យបាត់បង់ទៅលើខ្មាំងសត្រូវទាំងឡាយណាដែលប៉ងឈ្លានពានកាន់កាប់នោះ។
យុវជន បានបញ្ជាក់ទៀតថា ការបំពេញកាតព្វកិច្ចយោធា រយៈពេល២៤ខែ មិន ត្រឹម តែ ជា ការ ចូល រួម បំពេញ កាតព្វកិច្ចចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ឱកាស សម្រាប់ ពួក គេ ក្នុង ការ ហាត់ ពត់ លត់ ដំខ្លួន ឱ្យមានវិន័យ សីលធម៌ ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួល ខុស ត្រូវ ក្នុង សង្គម។ ការអនុវត្តកាតព្វកិច្ចយោធា អាចជួយលើកកម្ពស់ស្មារតីស្នេហាជាតិ និង បង្កើន ការ យល់ ដឹង របស់យុវជនអំពីតួនាទី និងភារកិច្ចចូលរួមចំណែកការពារឯករាជ្យ អធិបតេយ្យ និង បូរណ ភាព ទឹកដី។ ប្រទេសជាច្រើនបានអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដូច្នេះការ អនុវត្ត នៅ កម្ពុជា ក៏ ជា ផ្នែកមួយ នៃការពង្រឹងវិស័យការពារជាតិ និងការអភិវឌ្ឍធនធានមនុស្សផងដែរ៕
