ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ជាក់ ថា កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បី បង្ក្រាបឧស្សាហកម្មឆបោក តាមប្រព័ន្ធបច្ចេក វិទ្យា ដោយលោក បាន លើក ឡើង ពី ការ បិទ ទីតាំង ឆបោក ជាង ៦០០កន្លែង ការអនុវត្តច្បាប់ជាបន្តបន្ទាប់ ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូ និង ការ មាន ចំណាត់ ការផ្លូវច្បាប់ជាបន្តទៀត លើ អ្នកដែលពាក់ព័ន្ធ នឹង ប្រតិបត្តិការ បោក ប្រាស់ អនឡាញ នេះ ។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់ របាយការណ៍ ទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។
ក្នុងរបាយការណ៍ចុងក្រោយរបស់លោក ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Andrews បានលើកឡើងថា នៅខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក តាម អន ឡាញ ដែលបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់។ លោក Andrews បាននិយាយ ថា៖ «នៅពេលដែលមានឆន្ទៈនយោបាយ នោះនឹងមានដំណោះស្រាយ»។
យោងតាមរបាយការណ៍របស់ UN បាន ឱ្យដឹង ថា នៅខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលបានចេញបទបញ្ជាដែលមានចំណុចសំខាន់ៗចំនួន ៩ ដោយតម្រូវឱ្យស្ថាប័ន និងអាជ្ញាធរនានាបិទទីតាំងឆបោក អនុវត្តច្បាប់ទេសន្តរ ប្រវេសន៍ និងត្រួតពិនិត្យអាជ្ញាប័ណ្ណកាស៊ីណូ ក្នុង ចំណោម វិធានការផ្សេងៗទៀតដែលកំណត់គោលដៅលើឧស្សាហកម្មឆបោក តាម ប្រព័ន្ធអ៊ីនធឺណិតនេះ ។
ដើម្បីពង្រឹងការអនុវត្តច្បាប់នេះ រដ្ឋសភាបានអនុម័តច្បាប់ដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធ បច្ចេក វិទ្យា នៅខែមេសា ឆ្នាំ២០២៦ ដោយកំណត់ទោសព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង រួមទាំងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំពោះប្រតិបត្តិការខុសច្បាប់។
អ្នករាយការណ៍ពិសេសរបស់ UN រូបនេះបានលើក ឡើង ទៀត ថា៖ «នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោក តាមប្រព័ន្ធបច្ចេក វិទ្យា»។
ក្របខ័ណ្ឌច្បាប់ទាំងនេះ បង្ហាញពីគោលនយោបាយមិនអត់ឱនដាច់ខាតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាញឧក្រិដ្ឋកម្មដែលមានការៀបចំជាប្រព័ន្ធ អន្តរជាតិ ដែលកំពុងប្រតិបត្តិការ នៅក្នុងទឹកដីរបស់ខ្លួន។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ UN រូបនេះ បានបន្ត ថា វិធាន ការ ទាំងនេះត្រូវបានកើត ឡើង អមដោយការបង្កើនសកម្មភាព អនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក រួមទាំងការស៊ើបអង្កេត ការ ចុះឆែកឆេរ និងការចាប់ខ្លួន ។
យោងតាមរបាយការណ៍របស់ UN បាន បញ្ជាក់ ទៀត ថា អាជ្ញាធរកម្ពុជាបានសម្រេចលទ្ធផលដែលមិនធ្លាប់មានពីមុន ដោយធ្វើការស៊ើបអង្កេត ការ ចុះឆែកឆេរ និងបិទទីតាំងឆបោកជាង ៦០០កន្លែង ព្រមទាំងចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងអ្នកប្រតិបត្តិការជាង ៤.០០០នាក់។ សមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តច្បាប់ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ រួមមានការដកហូតអាជ្ញាបណ្ណកាស៊ីណូដែលមិនគោរពតាមបទប្បញ្ញត្តិ និងការធ្វើបត្យាប័នមេដឹកនាំបណ្តាញឆបោកសំខាន់ៗ។
អាជ្ញាធរអនុវត្តច្បាប់កម្ពុជាក៏បានឃាត់ខ្លួនជនសង្ស័យជិត ៣០.០០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា ខណៈមន្ត្រីរដ្ឋាភិបាល បានប្រាប់អ្នករាយការណ៍ពិសេសកាលពីខែកក្កដាថា មនុស្សប្រមាណ ៣០០.០០០នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក បានចាកចេញពីប្រទេស។
លោក Andrews បានសង្កត់ធ្ងន់ថា វិធានការទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងមក បានរំខាន និងផ្លាស់ប្តូរយ៉ាងខ្លាំង ដល់ រចនាសម្ព័ន្ធឧស្សាហកម្មការឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ លោកបានបន្ថែមថា រូបភាពទាំងស្រុង មិនទាន់ច្បាស់លាស់នៅឡើយទេ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន បានប្រាប់អ្នករាយការណ៍ពិសេសថា អាជ្ញាធរកំពុងធ្វើការពិនិត្យអ្នកដែលត្រូវបានដោះលែងពីទីតាំងប្រតិបត្តិការឆបោក ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស ហើយថា រដ្ឋាភិបាលក៏កំពុងផ្តល់អាហារ ទីជម្រក និងការគាំទ្រដល់បុគ្គលទាំងនេះផងដែរ៕
