រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ សាខាគណបក្ស ភ.ព ១២ ចំណុះឱ្យគណបក្សរាជធានីភ្នំពេញ និងក្រុមការងារ I Love Cambodia Hot News បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌទី៩ នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីបុណ្យដ៏មានអត្ថន័យនេះ សាខា ភ.ព ១២ បាននមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រព្រះសង្ឃ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ។
មហាកុសលដែលកើតចេញពីសទ្ធាជ្រះថ្លាក្នុងការថ្វាយចង្ហាន់និងទានប្រការផ្សេងៗក្នុងពិធីកាន់បិណ្ឌទី៩នេះ ក៏បានឧទ្ទិសបុណ្យកុសលជូនចំពោះវីរយុទ្ធជនទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី។
ទន្ទឹមនឹងនេះ លោកស្រី Ly Chan Vatey អគ្គនាយកា I Love Cambodia Hot News និងជាប្រធានសាខាគណបក្ស ភ.ព ១២ បានប្រារព្ធប្រតិបត្តិតាមគន្លងប្រពៃណីសាសនា មានថ្វាយទៀន ផ្កា គ្រឿងសក្ការបូជា ចំពោះព្រះពុទ្ធរូប សូត្រមន្ត នមស្ការ ចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ ក្នុងសទ្ធាជ្រះថ្លាជាទីបំផុត។
លោកស្រីប្រធាន និងសមាជិក សមាជិកា ក្រុមការងារ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែន សូមឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងឈ្នះអស់មាសត្រូវ។
ពិធីបុណ្យកាន់បិណ្ឌនេះត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។
