ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រ (១៩៤៦-២០២៦) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយនេះ ត្រូវពង្រឹងនូវគុណភាពការអប់រំ និងការ បណ្ដុះ បណ្ដាល ដោយផ្សារភ្ជាប់ចំណេះដឹងវេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌ វិជ្ជាជីវៈ។
ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ និងអបអរសាទរខួប៨០ឆ្នាំ នៃការ បង្កើត សាកល វិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមាន ប្រសាសន៍ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា សុខភាព ប្រជាជន គឺជាទ្រព្យធនដ៏សំខាន់មួយ។ ក្នុងន័យនេះ បេសកកម្មសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺមិនមែនត្រឹមតែបណ្ដុះបណ្ដាល ជំនាញសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស សុខភាពរបស់ជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា បច្ចុប្បក្រោមក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន ត្រូវបានចាត់ទុកជាអាទិភាពដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងន័យនេះ ការអភិវឌ្ឍន៍នូវធនធានមនុស្សសុខាភិបាល ការពង្រឹងគុណភាពអប់រំវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់ស្រាវជ្រាវ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការឆ្លើយតបតម្រូវការសុខភាពរបស់ប្រជាជន និងបញ្ហាប្រឈមសុខភាពនាពេលអនាគត ។
លោកជំទាវបណ្ឌិត បានជំរុញសន្នីសីទវិទ្យាសាស្ត្រ រយៈពេល២ថ្ងៃនេះ មិនត្រឹមតែជាការធ្វើបទបង្ហាញ ឬកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែមានការបង្កើតកិច្ចសហការថ្មី ការស្រាវជ្រាវថ្មី គំនិតថ្មី និងសកម្មភាពជាក់ស្ដែង ដែលចូលរួមកែលម្អសុខភាពប្រជាពលរដ្ឋ ។
ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា រួមចំណែកកាន់តែខ្លាំងក្នុងការកសាងកម្ពុជា ដែលមានសុខភាពល្អ មានភាពធន់ និងត្រៀមខ្លួនត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពនាពេលអនាគត សន្និសីទនេះ នឹងពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះទី១. ផ្ដោតលើអនាគត នៃការអប់រំអ្នកជំនាញសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល, ទី២. ផ្ដោតលើការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងការគំរាមកំហែងសុខភាពដែលកំពុងកើតឡើង និងទី៣. ផ្ដោតលើបញ្ហាប្រឈមផ្នែកសុខភាពដ៏សំខាន់មួយ សម្រាប់ទសវត្សរ៍ខាងមុខ គឺជំងឺមិនឆ្លង និងការកើនឡើងនៃប្រជាជនវ័យចាស់៕
