សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងនោះ រដ្ឋចំណាយថវិកាជិត ៥០០លានដុល្លារអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ដើម្បីកុំឱ្យថ្លៃភ្លើង និងប្រេងឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ជាមួយគោលបំណងចំនួន ៤ គឺៈ ទី១. រក្សាលំនឹងជីវភាពរបស់ប្រជាជនគោលដៅ រួមមាន ប្រជាជនក្រីក្រ, គ្រួសារងាយរងហានិភ័យ, កសិករ, ពលករទេសន្តរប្រវេសន៍, គ្រួសារភៀសសឹក, និង អ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម; ទី២. លើកកម្ពស់សហគ្រាសធុនមីក្រូ តូច និង មធ្យម, ទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ; ទី៣. លើកកម្ពស់ ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ និង ទី៤. ពង្រឹងការគ្រប់គ្រង និង ជំរុញការធ្វើអន្តរកម្ម ព្រមទាំង ការបំប្លែងថាមពល។
សម្ដេចធិបតីបានថ្លែងថា៖«ថវិកាជិត ៥០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលបញ្ចេញអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈក្នុងពេលប្រេងឡើងថ្លៃ»។
សូមជម្រាបថា ផលប៉ះពាល់ពីការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ បើគ្មានការអន្តរាគមន៍បញ្ចេញកញ្ចប់ថវិការដ្ឋជួយទប់ ឬការកាត់បន្ថយពន្ធអាករពីរដ្ឋទេនោះ ថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាអាចនឹងហក់ឡើងខ្ពស់ជាងតម្លៃបច្ចុប្បន្នពី ៩% ទៅ ១០% បន្ថែមទៀត។ ខណៈផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារតំបន់ និងអន្តរជាតិ រដ្ឋនៅតែបន្តឧបត្ថម្ភធនបញ្ចុះតម្លៃ ៦.៥ សេនដុល្លារក្នុងមួយលីត្រ ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕
