ភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ក្នុងឆ្នាំ២០១៩ កន្លងទៅ ត្រូវបានគេមើលឃើញថាបាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក។
ស្តែងចេញពីទំនាក់ទំនងដ៏ស៊ីជម្រៅនេះ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថងលី ស៊ីសូលីត សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ឡាវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ ឯកឧត្តម សាយសំផន ភំវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាឥស្សរជននយោបាយដ៏ឆ្នើមរបស់ឡាវ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ សម្រាប់អាណត្តិ ២០២៦-២០៣០ ផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ដែលមិនត្រឹមតែផ្អែកលើប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ដោយមើលឃើញថា «យុវជន» គឺជាកម្លាំងចលករដ៏រស់រវើក និងជាអ្នកបន្តវេនក្នុងការថែរក្សាចំណងមិត្តភាពនេះ កម្ពុជា និងឡាវ បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្ការយៈពេល ១ឆ្នាំជាង នៃ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជន ២០២៥-២០២៧»។
ក្នុងន័យនេះ ដើម្បីជំរុញទំនាក់ទំនងនេះឱ្យកាន់តែស្ទុះទៅមុខបន្ថែមទៀត ភាគីទាំងពីរបានឯកភាពលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ការរក្សាទំនាក់ទំនង ដោយរក្សាការប្រជុំ និងការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំយុវជន, ការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាថ្នាក់ដឹកនាំវ័យក្មេងដែលមានសមត្ថភាព, ការផ្លាស់ប្តូរបទពិសោធលើវិស័យគន្លឹះ ដោយជំរុញកិច្ចសហការលើការសិក្សាស្រាវជ្រាវ ការអប់រំ វប្បធម៌ កីឡា សុខាភិបាល បច្ចេកវិទ្យា និងសហគ្រិនភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែន ដោយលើកទឹកចិត្តឱ្យយុវជនគណបក្សនៅតាមបណ្តាខេត្តជាប់ព្រំដែន បង្កើតកម្មវិធីរួមគ្នា ដើម្បីរួមចំណែកថែរក្សាសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៅតាមព្រំដែននៃប្រទេសទាំងពីរ។
កិច្ចពិភាក្សានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃមិត្តភាពកម្ពុជា-ឡាវ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញថា ទំនាក់ទំនងប្រវត្តិសាស្ត្រ ៧០ឆ្នាំនេះ នឹងនៅតែបន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិទាំងពីរពីមួយជំនាន់ទៅមួយជំនាន់ទៀត៕
