ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្ដីទីមួយកម្ពុជា បានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេស កម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ ខែតុលានេះថា ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវមានប្រសាសន៍ថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ៕
