នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានអំពាវនាវឱ្យមានកិច្ចពិភាក្សាជាបន្ទាន់ជាមួយម៉ាឡេស៊ីបន្ទាប់ពីការហាមប្រាមការនាំចូលបង្គាថៃចំនួនប្រាំប្រភេទជាបណ្តោះអាសន្ន ដែលជាផ្នែកមួយនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើផលិតផលនេសាទថៃ។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានចេញសេចក្តីណែនាំនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២ មិថុនា ហើយបានព្រមានថា ការរឹតបន្តឹងរយៈពេលយូរអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកចិញ្ចឹមបង្គា អ្នកនាំចេញ និងខ្សែច្រវាក់ផ្គត់ផ្គង់អាហារសមុទ្រកាន់តែទូលំទូលាយ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek។
លោកស្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ប្រសិនបើបញ្ហានេះត្រូវបានបណ្ដោយឱ្យបន្ត វាអាចប៉ះពាល់ដល់តម្លៃបង្គានៅកសិដ្ឋាន និងប្រាក់ចំណូលរបស់កសិករខ្នាតតូច។
ទីផ្សារនាំចេញអាហារសមុទ្ររបស់ប្រទេសថៃត្រូវបានរង្គោះរង្គើបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសពីវិធានការថ្មីយ៉ាងតឹងរ៉ឹងចាប់ពីថ្ងៃចន្ទ ទី១ មិថុនា ឆ្នាំ ២០២៦ នេះ ដែលប៉ះពាល់ដល់ការនេសាទដែនសមុទ្ររបស់ថៃ និងបង្គាចំនួនប្រាំប្រភេទ និងបង្កើនហានិភ័យនៃការផ្គត់ផ្គង់លើសចំនួនក្នុងស្រុក។
ការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួរបានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរៀបចំអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចូលអាហារសមុទ្រពីប្រទេសថៃចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។វិធានការទាំងនេះត្រូវបានពិពណ៌នាថាជាការឆ្លើយតបពាណិជ្ជកម្ម និងជាការធ្វើឱ្យប្រសើរឡើងនូវវិធានការការពារសុវត្ថិភាពចំណីអាហារជាតិ។
ប្រទេសថៃនាំចេញបង្គាប្រហែល ៦.០០០ តោន ទៅ ៨.០០០ តោនទៅកាន់ប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ ដែលមានចំនួនប្រហែល ៥ ភាគរយនៃការនាំចេញបង្គាសរុបរបស់ថៃ។ ការហាមប្រាមនេះអាចធ្វើឱ្យប្រទេសថៃខាតបង់ជាង ៤ ពាន់លានបាត ស្មើរនឹង១២២,១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post៕
