នៅក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី មនុស្ស ធម៌ » កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងទទួលថវិ កា ឧបត្ថម្ភ ពី ថ្នាក់ដឹក នាំសមាជិកសមាជិកា នៃសមាគមឧកញ៉ាកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបាន ប្រារព្ធ ឡើង យ៉ាងឱឡារិកនៅសាល A ជាន់ទី៣ នៃទីស្នាក់ការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ និងជា តំណាង ដ៏ ខ្ពង់ ខ្ពស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានក្រុមប្រឹក្សា ភិបាល សមាគម ឧកញ៉ា កម្ពុជា និងជា «ប្រធានប្រតិភូ» បានឡើងមានប្រសាសន៍ ថ្លែង អំណរ គុណ យ៉ាង ជ្រាល ជ្រៅ ចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់កិត្តិយស និងឱកាសដល់សមាគម បានចូលរួម ចំណែក ក្នុង សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាលើកទី៥ បើគិតតាំងពីឆ្នាំ២០២៣ ដែល មាន ថវិកា សរុប ចំនួន ៦,៤៦០,២២០ដុល្លារ។ ជាមួយគ្នានោះ លោកអ្នកឧកញ៉ាប្រធានប្រតិភូ ក៏បានជម្រាបជូនអង្គពិធីទាំងមូល អំពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលសមាគមឧកញ៉ាកម្ពុជាសម្រេច បាន ក្នុងរយៈពេលកន្លងមក ក្នុងការរួមចំណែកជួយដល់សង្គមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្រ្តៃយ៍ ក៏បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ទៅកាន់ក្រុមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលជានិច្ចកាលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ដល់កាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ថវិកាដែលបានមកពីការបរិច្ចាគនាពេលនេះ គឺពិតជាមានតម្លៃមហាសាល និងជាប្រភពទុនដ៏សំខាន់ ក្នុងការបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា។
បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល ពិធីប្រគល់ និងទទួលថវិកា ក៏ត្រូវបានប្រារព្ធឡើង ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលថវិកាពីតំណាងសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបានប្រគល់ជូនវិញនូវបណ្ណថ្លែងអំណរគុណ ដើម្បីជាការដឹងគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌របស់សមាគម។
កម្មវិធីទាំងមូលត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងស្និទ្ធស្នាល តាមរយៈការថតរូបអនុស្សាវរីយ៍រួមគ្នា រវាងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា។ ស្មារតីនៃទិវា ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីមនុស្សធម៌» នាថ្ងៃនេះ គឺពិតជាបានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពដ៏រឹងមាំរបស់សង្គមជាតិកម្ពុជា៕
