នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នកជំនាញការឯករាជ្យ ស្តីពីសិទ្ធិមនុស្ស និងសាមគ្គីភាពអន្តរជាតិ។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា និងអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងការចាប់ផ្តើមប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសថៃ ថ្មីៗនេះ។
ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីការរួមចំណែករបស់កម្ពុជា ចំពោះកងរក្សាសន្តិភាពជាង ១០ ៧០០ នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ និងបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញសាមគ្គីភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសកល។
ឯកឧត្តម បានស្វាគមន៍ និងសង្កត់ធ្ងន់ចំពោះសាមគ្គីភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការដាក់បញ្ចូល និងការសន្ទនាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ ថា៖ «សន្តិភាពជា និរន្តរ៍មិន អាច សម្រេចបាន តាមរយៈការ ប្រើកម្លាំង ការបំភិតបំភ័យ ឬ ការ គំរាម កំហែងនោះទេ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។ ផ្ទុយទៅវិញ ជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាពិតប្រាកដ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ហើយសុខសន្តិភាពនៅតែជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។
ឯកឧត្តម បានបន្ថែមផងដែរថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជា តាមរយៈការជ្រើសយក UNCLOS គឺជាយន្តការសន្តិភាព និងស្ថាបនាសម្រាប់ដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ»។
កម្ពុជា សូមគាំទ្រចំពោះការអំពាវនាវឱ្យមានសាមគ្គីភាពសកលជាថ្មីសម្រាប់សន្តិភាព និងកម្ពុជាត្រៀមខ្លួនក្នុងការធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវគោលបំណងរួមនេះ៕

